កសិករដាំកាហ្វេខ្នាតតូចនៅតំបន់ដាច់ស្រយាល ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេពីការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃថ្លៃថាមពល។ កន្លងមក កសិករជាច្រើនពឹងផ្អែកលើប្រព័ន្ធស្រោចស្រពដំណាំដែលប្រើម៉ាស៊ីនម៉ាស៊ូត។ ការកើនឡើងតម្លៃប្រេងនាពេលថ្មីៗនេះ ដែលបណ្តាលមកពីការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល បានបង្កើនសម្ពាធលើចំណូលគ្រួសារ និងនិរន្តរភាពនៃការប្រកបរបរកសិកម្ម។
អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុនកែច្នៃកាហ្វេក្នុងស្រុក KOFI ដើម្បីជួយកសិករដាំកាហ្វេជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ឱ្យប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណាំដោយប្រើប្រព័ន្ធសូឡា។ គំនិតផ្តួចផ្តើមនេះជួយកសិករឱ្យទទួលបានដំណោះស្រាយថាមពលស្អាត និងអាចទុកចិត្តបាន ដោយកាត់បន្ថយថ្លៃដើមផលិត និងការពឹងផ្អែកលើឥន្ធនៈនាំចូល ព្រមទាំងគាំទ្រការផលិតកាហ្វេប្រកបដោយនិរន្តរភាព។
តាមរយៈគំនិតផ្តួចផ្តើមបែបនេះ អូស្ត្រាលីកំពុងជួយពង្រឹងសន្តិសុខស្បៀង និងសន្តិសុខថាមពល បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា ដើម្បីឱ្យគ្រប់សហគមន៍ទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
សូមទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម។