ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ -- ដូចជា ប្រព័ន្ធគមនាគមន៍ ថាមពល ទឹកស្អាត ទំនាក់ទំនង និងអនាម័យ -- ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តភាព។ ដើម្បីឱ្យកំណើនក្នុងកម្រិតបច្ចុប្បន្ននៅមានបន្ត មានការប៉ាន់ប្រមាណថា កម្ពុជាត្រូវការការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចន្លោះពី ២៨ ទៅ ៣០ ពាន់លានដុល្លារ ចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០៤០។
ការវិនិយោគពីវិស័យឯកជនអាចជួយភ្ជាប់គម្លាតនេះ និងកាន់តែមានតួនាទីសំខាន់នៅពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជាកំពុងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជន តាមរយៈការពង្រឹងក្របខ័ណ្ឌគតិយុត្ត (ច្បាប់វិនិយោគឆ្នាំ ២០២១ និងច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ ២០២១)។
កម្មវិធី CAPRED ផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងតួនាទីរបស់វិស័យឯកជន ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ការវិនិយោគលើថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។ កម្មវិធី CAPRED ក៏នឹងស្វែងរកប្រភពហិរញ្ញប្បទានដទៃទៀតសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា សំណើវិនិយោគ ភាពជាដៃគូវាងវិស័យរដ្ឋ និងឯកជន និងប័ណ្ណបំណុលហេដ្ឋារចនាសម្ព័ន្ធបៃតងជាដើម។
ទឹកស្អាតតាមបំពង់ គឺជាស្តង់ដារមាស ដើម្បីលើកកម្ពស់ការទទួលបានទឹកស្អាតប្រកបដោយនិរន្តភាព។ ការទទួលបានទឹកប្រើប្រាស់ដោយផ្ទាល់នៅក្នុងផ្ទះ ផ្ដល់ជាប្រយោជន៍ ជាពិសេសសម្រាប់ស្ត្រី អ្នករស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ និងជនមានពិការភាព។ ខណៈពេលដែលវិសាលភាពគ្របដណ្តប់នៅក្នុងតំបន់ប្រជុំជនមានអត្រា ៧០% មានប្រជាជនត្រឹមតែ ៤៧% នៃប្រជាជនសរុបតែប៉ុណ្ណោះ ដែលទទួលបានការផ្គត់ផ្គង់ទឹកតាមបំពង់ (២០២០)។ បើតាមការប៉ាន់ប្រមាណ គេត្រូវការការវិនិយោគយ៉ាងហោចណាស់ ២៦៤ លានដុល្លារ ដើម្បីពង្រីកវិសាលភាពលើភូមិដែលនៅសេសសល់។
កម្មវិធីហេដ្ឋារចនាសម្ព័ន្ធដែលអនុវត្តកន្លងមកដោយប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា កម្មវិធីវិនិយោគលើហេដ្ឋាសម្ព័ន្ធ ឬ 3i បានអនុវត្តលើការវិនិយោគតាមរយៈវិធីសាស្ត្របំពេញចន្លោះហិរញ្ញវត្ថុ ដល់គម្រោងទឹកស្អាតចំនួន ៨០ នៅកម្ពុជា។ កម្មវិធីនេះបានផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ២៥៣.០០០ គ្រួសារ។ វិធីសាស្ត្របំពេញចន្លោះហិរញ្ញវត្ថុនេះ បានកៀរគរការវិនិយោគពីវិស័យឯកជនក្នុងទឹកប្រាក់ប្រមាណ ១៦ លានដុល្លារ (ឬស្មើនឹង ៥៥% នៃចំណាយវិនិយោគសរុប)។
ប្រសិនបើពុំមានវិធីសាស្ត្របំពេញចន្លោះហិរញ្ញវត្ថុនេះទេ គ្រួសារទាំងនេះនឹងមិនទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់នោះឡើយ។ ការប្រើប្រាស់ទឹកប្រចាំខែ កើនឡើងទ្វេដង ពី ៥ ដល់ ១២ ម៉ែត្រគីប ជាពិសេសក្នុងចំណោមគ្រួសារដែលធ្លាប់ទិញទឹកតាមឡានស៊ីទែនមកប្រើប្រាស់។
កម្មវិធី CAPRED កំពុងពិនិត្យលើជម្រើសហិរញ្ញប្បទានដទៃទៀត ដូចជាមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាតជាដើម។ យើងក៏កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសមត្ថភាពរៀបចំលិខិតបទដ្ឋានគតិយុត្ត តាមដាន និងពង្រឹងការអនុវត្ត ធ្វើតេស្តលើគំរូធុរៈកិច្ចថ្មីៗ ផ្តល់ការគាំទ្របច្ចេកទេសដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជន និងលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជនបន្ថែមទៀតនៅក្នុងវិស័យនេះ។
ថាមពលត្រឹមតែ ៧,៨% នៅកម្ពុជាប៉ុណ្ណោះដែលជាថាមពលកកើតឡើងវិញចម្រុះ (VRE) –ដែលសុទ្ធតែជាថាមពលដើរដោយពន្លឺព្រះអាទិត្យ។ ថាមពលប្រភេទ VRE គឺជាអនាគតនៃការផ្គត់ផ្គង់ថាមពល។ ថាមពលប្រភេទនេះស្អាតជាង និងមានតម្លៃថោកជាងជម្រើសផ្សេងទៀត។ សព្វថ្ងៃនេះ តម្លៃនៃការផលិតថាមពលពីពន្លឺព្រះអាទិត្យ និងពីខ្យល់កាន់តែចុះថោក សូម្បីតែធៀបនឹងគម្រោងផលិតថាមពលដើរដោយធ្យូងថ្មដែលអស់ចំណាយតិចបំផុតក៏ដោយ។
ចំណាយលើថាមពលខ្ពស់ គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គធំៗបំផុត ដែលបង្កការរាំងស្ទះដល់សមត្ថភាពប្រកួតប្រជែង និងការនាំចេញនៃវិស័យកែច្នៃកសិផលនៅកម្ពុជា។
ការផ្តល់លទ្ធភាពឱ្យអ្នកកែច្នៃកសិផលដំឡើងប្រព័ន្ធថាមពល VRE បន្ថែមទៀត នឹងទាក់ទាញយកការវិនិយោគ ក៏ដូចជាជំរុញការបង្កើតការងារ និងប្រាក់ចំណូលនៅក្នុងខ្សែចង្វាក់តម្លៃកសិកម្ម។
វិស័យ VRE សម្បូរដោយវិនិយោគិន និងដៃគូអភិវឌ្ឍន៍ធំៗ។ ហេតុដូច្នេះហើយទើប កម្មវិធី CAPRED សហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ពីវិស័យជាយុទ្ធសាស្ត្រ និងផ្តល់ការគាំទ្រឱ្យចំគោលដៅដែលកម្ពុជាត្រូវការជាចាំបាច់ ដើម្បីទាញយក VRE បន្ថែមទៀត។
កម្មវិធី CAPRED នឹងជម្រុញគាំទ្រដល់សមត្ថភាពរបស់កម្ពុជាក្នុងការគ្រប់គ្រង VRE បន្ថែមទៀតនៅក្នុងប្រភពថាមពលចម្រុះ និងបង្កើតក្របខ័ណ្ឌគតិយុត្តដែលទាក់ទាញការវិនិយោគ។ កម្មវិធីនេះ នឹងគាំទ្រដល់ឱ្យក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ដើម្បីរិះរកបច្ចេកវិទ្យាទំនើបៗបន្ថែមទៀត ដើម្បីធ្វើសមាហរណកម្មថាមពល VRE និងគាំទ្រដល់ការកែសម្រួលប្រព័ន្ធតាមដាន និងត្រួតពិនិត្យបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់រដ្ឋ។
ផែនការអភិវឌ្ឍន៍វិស័យថាមពលនៃរាជរដ្ឋាភិបាលកម្ពុជា ប៉ាន់ប្រមាណថា កំណើនតម្រូវការថាមពលរហូតដល់ ១៧% នៃប្រទេសនេះ នឹងត្រូវបំពេញតាមរយៈវិធានការប្រសិទ្ធភាពថាមពល។ ត្រឹមឆ្នាំ ២០៣០ គោលដៅដែលត្រូវបានកំណត់នៅត្រឹមឆ្នាំ ២០៣០ គឺត្រូវសន្សំសំចៃថាមពល ១២១៥ មេហ្កាវ៉ាត់ ឬស្មើនឹង ១ ភាគ ៣ នៃការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន។
ប្រទេសដទៃទៀតមានទីផ្សារសម្រាប់ក្រុមហ៊ុនផ្តល់សេវាថាមពល (ESCOs) ដែលវិនិយោគលើប្រសិទ្ធភាពថាមពល សម្រាប់បរិក្ខារឧស្សាហកម្ម។ ESCOs ដាក់ទុនវិនិយោគ និងប្រើប្រាស់ភាគលាភថាមពល ដើម្បីទូទាត់ថ្លៃកម្ចី។ បច្ចុប្បន្ននេះ នៅកម្ពុជា ពុំមានទីផ្សារសម្រាប់ ESCOs ឡើយ។
កម្មវិធី CAPRED នឹងអនុវត្តសាកល្បងគំរូវិនិយោគ ដែលមានសក្ដានុពលរវាង ESCOs និងធុរកិច្ចនានា ចាប់ផ្ដើមពីបរិក្ខាកែច្នៃកសិផលទៅ ដែលការចំណាយថាមពលលើការប្រើប្រាស់បរិក្ខាទាំងនោះ មានកម្រិតខ្ពស់។
យានយន្តអគ្គិសនី ក៏អាចកាត់បន្ថយការបញ្ចេញកាបូនក្នុងបរិមាណដ៏ច្រើនផងដែរ។ ខណៈពេលដែលអន្តរកាលដ៏សំខាន់នៃការប្រើប្រាស់យានយន្តអគ្គិសនី ផ្តល់ប្រយោជន៍ភាគច្រើនដល់អ្នកដែលមានទ្រព្យសម្បត្តិធូរធារ កម្មវិធី CAPRED នឹងពិនិត្យតាមដានលើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរិះរកច្រកចូល ដើម្បីឱ្យមានការវិនិយោគលើមធ្យោបាយដឹកជញ្ជូនអគ្គិសនី។
មើលធនធានចុងក្រោយបំផុតរបស់យើងពីទូទាំងកម្មវិធី CAPRED ។
មើលច្រើនទៀតតើលោកអ្នកដឹងទេ? ការកៀរដីឱ្យរាបស្មើដោយប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ អាចជួយកសិករបង្កើនទិន្នផលស្រូវ និងរកប្រាក់ចំណូលបានកាន់តែច្រើនជាងមុន។ អូស្ត្រាលីបានសហការជាមួយក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជា ដើម្បីដាក់ឱ្យប្រើប្រាស់ឧបករណ៍ពង្រៀបដីដោយប្រើបច្ចេកវិទ្យាឡាស៊ែរ។ បច្ចេកវិទ្យានេះ ជួយកសិករបង្កើនប្រសិទ្ធភាពលើការប្រើប្រាស់ធាតុចូលកសិកម្ម កាត់បន្ថយហានិភ័យបង្កដោយសត្វល្អិតចង្រៃ និងបង្កើនគុណភាពនិងទិន្នផលស្រូវ។ លោក ហូ សុឃី កសិកររស់នៅខេត្តបន្ទាយមានជ័យ បានសម្រេចចិត្តទទួលយកសេវាកៀរពង្រៀបដីដោយបច្ចេកវិទ្យាឡាស៊ែរ បន្ទាប់ពីបានឃើញទិន្នផលស្រូវពូរបស់គាត់ការកើនឡើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរនេះ លោក សុឃី អាចសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយលើការបូមទឹក ខណៈដែលទិន្នផលស្រូវ កើនពី ១,៥ តោន ទៅ ៦ តោនក្នុងមួយហិកតា។ អូស្ត្រាលីតាមរយៈកម្មវិធីCAPRED កំពុងពន្លឿនការការប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីពង្រឹងឧស្សាហកម្មស្រូវអង្ករកម្ពុជា និងគាំទ្រដល់គោលដៅក្នុងការនាំចេញអង្ករឱ្យបានមួយលានតោននៅត្រឹបឆ្នាំ២០២៥។
ប្រទេសយើងទាំងពីរមានគោលដៅថាមពលកកើតឡើងវិញ ឧបសគ្គ និងឱកាសស្រដៀងគ្នា ដូច្នេះហើយយើងមានអ្វីជាច្រើនដែលអាចរៀនពីគ្នាទៅវិញទៅមកបាន។ ឆ្នាំនេះ អូស្ត្រាលីបានរៀបចំដំណើរទស្សនកិច្ចសម្រាប់គណៈប្រតិភូមន្ត្រីថាមពលកម្ពុជា ដើម្បីសិក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានារបស់ប្រទេសអូស្ត្រាលី ក្នុងការផ្លាស់ប្តូរថាមពលស្អាត។ សូមទស្សនាវីដេអូនេះ ដើម្បីស្វែងយល់អំពីបទពិសោធន៍របស់ កញ្ញា ឈួង សៀងហុង ដែលជាមន្ត្រីគ្រប់គ្រង និងដាក់អោយដំណើរការប្រព័ន្ធ SCADA នៅអគ្គិសនីកម្ពុជា អំឡុងពេលទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។
ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំង ស្រុងដូចតទៅ
អូស្ត្រាលីពន្លឿនបច្ចេកវិទ្យាសម្រាប់កសិករស្រូវកម្ពុ...
អូស្ត្រាលីប្តេជ្ញាគាំទ្រដល់ការផ្លាស់ប្តូរថាមពលស្អា...
ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត
សូមអានព័ត៌មាន និងករណីសិក្សាបច្ចុប្បន្នភាពចុងក្រោយនៃកម្មវិធី CAPRED ដើម្បីឈ្វេងយល់បន្ថែមអំពីការងាររបស់យើង។
មើលច្រើនទៀតអូស្ត្រាលីគាំទ្រកម្ពុជាលើកំណើនការវិនិយោគជាយុទ្ធសាស...
អូស្រ្តាលីគាំទ្រអាជីវកម្មកម្ពុជាដើម្បីកាត់បន្ថយបញ្...