កាលពីសប្តាហ៍មុន លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលី បានអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដើម្បីស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលការគាំទ្ររបស់អូស្ត្រាលី កំពុងជួយដល់អាជីវកម្មកសិកម្មនៅកម្ពុជាឱ្យរីកចម្រើន បង្កើតការងារ និងឈានទៅដល់ទីផ្សារអន្តរជាតិ។
ក្រុមហ៊ុន KFP គឺជាក្រុមហ៊ុននាំចេញផលិតផលកសិ-ចំណីអាហារដឹកនាំដោយស្ត្រីឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុននេះធ្វើការជាមួយកសិករកិច្ចសន្យាភាគច្រើនជាស្ត្រី និងមានបុគ្គលិកភាគច្រើនជាស្ត្រីផងដែរ។ ប្រទេសអូស្ត្រាលីកំពុងគាំទ្រក្រុមហ៊ុន KFP ក្នុងការពង្រីកផលិតកម្ម ធ្វើឱ្យផលិតផលកាន់តែសម្បូរបែប និងពង្រឹងការត្រៀមខ្លួនសម្រាប់ការនាំចេញ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកជំទាវរដ្ឋមន្ត្រី Aly បានជួបជជែកជាមួយបុគ្គលិក និងកសិករ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីរបៀបដែលអាជីវកម្មកសិកម្មមួយនេះ កំពុងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ លើកកម្ពស់ជីវភាពរស់នៅនៅតំបន់ជនបទ និងបង្កើនឱកាសនានាសម្រាប់ស្ត្រី។
អូស្ត្រាលីមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយអាជីវកម្មនៅកម្ពុជា ដែលកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ពង្រឹងប្រព័ន្ធស្បៀងអាហារ និងបង្កើតឱកាសសម្រាប់សហគមន៍ឱ្យមានភាពរីកចម្រើន។