ម្រេចកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារគុណភាពដ៏ល្អឥតខ្ចោះ។ ម្រេចកំពត គឺជាផលិតផលដំបូងបង្អស់របស់កម្ពុជាដែលទទួលបានសញ្ញាសម្គាល់ភូមិសាស្ត្រ (GI) ហើយការនាំចេញម្រេចបានកើនឡើងជិត ១០ ដងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្ននេះ អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Two Parrots Enterprise ដើម្បីជួយកសិករដាំម្រេចក្នុងខេត្តត្បូងឃ្មុំ។ ភាពជាដៃគូនេះជួយគ្រួសារកសិករឲ្យបំពេញតាមស្តង់ដារ GLOBALG.A.P. ដែលជាស្តង់ដារអន្តរជាតិសម្រាប់កសិកម្មប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ កសិករទទួលបានការបណ្តុះបណ្តាលដើម្បីដាំម្រេចប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ អាចចូលទីផ្សារនាំចេញដែលមានតម្លៃខ្ពស់ និងបង្កើនប្រាក់ចំណូលតាមរយៈទិន្នផលខ្ពស់ និងមានស្ថេរភាព។
អូស្ត្រាលី និងកម្ពុជា កំពុងរួមគ្នាលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការរស់នៅប្រសើរឡើង និងការនាំចេញផលិតផលកសិចំណីអាហារដែលមានស្តង់ដារកម្រិតពិភពលោក។