កាលពីម្សិលមិញ លោកស្រី Bridget Collier ភារធារីប្រចាំស្ថានទូតអូស្ត្រាលី បានអញ្ជើញចូលរួមជាមួយសមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី (AAA-C) ដើម្បីបើកសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្តោតលើបញ្ហាសេដ្ឋកិច្ចសង្គមសំខាន់ៗសម្រាប់កម្ពុជា ក៏ដូចជាប្រធានបទដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិជ្ជាជីវៈផងដែរ។
យើងបានស្តាប់ការចែករំលែកពីថ្នាក់ដឹកនាំអតីតនិស្សិតរបស់យើង អ្នកតំណាងកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាងវិស័យឯកជន។ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើបទបង្ហាញអំពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ និងផ្នត់គំនិតដើម្បីអភិវឌ្ឍខ្លួនក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។
កម្មវិធីនេះបានប្រព្រឹត្តឡើងដោយមានការសហការរវាង សមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី កម្មវិធី CAPRED សភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា (Auscham Cambodia) និងកម្មវិធីអាហារូបករណ៍អូស្ត្រាលី។
អូស្ត្រាលីមានមោទនភាពចំពោះការចូលរួមរបស់អតីតនិស្សិតកម្ពុជាពីអូស្ត្រាលីក្នុងវិស័យសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាដែលកំពុងបន្តឈានទៅមុខ។