ចាប់តាំងពីឆ្នាំ ២០០០ មកផ្ទះ និងអាជីវកម្ម រាប់លានខ្នងក្នុងប្រទេសអូស្រ្តាលី ត្រូវបានលើកទឹកចិត្តឱ្យដំឡើងបន្ទះសូឡានៅលើដំបូល ដែលឥឡូវនេះបានរួមចំណែក ១១,២ ភាគរយ នៃការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសអូស្ត្រាលី។

 

កាលពីពេលថ្មីៗនេះ អូស្ត្រាលី តាមរយៈកម្មវិធី CAPRED បានរៀបចំដំណើរទស្សនកិច្ចជូនដល់ប្រតិភូកម្ពុជា ដើម្បីស្វែងយល់អំពីវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រទេសអូស្ត្រាលី ក្នុងការរួមបញ្ចូលធនធានថាមពលចែកចាយបន្ថែម ដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន។

 

ប្រតិភូចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមាន តំណាងមកពីខាងក្រសួងរ៉ែ និងថាមពលកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា - EDC បានស្តាប់ដោយផ្ទាល់ពីលោក Aiden Gould ដែលជាម្ចាស់ផ្ទះម្នាក់រស់នៅក្នុងរដ្ឋ New South Wales។

 

លោក Gould គឺជាជនជាតិអូស្ត្រាលីម្នាក់ក្នុងចំណោមប្រជាជនអូស្ត្រាលីជាង ៣,៦៨ លាននាក់ ដែលបានប្តូរទៅប្រើប្រាស់សូឡាដើម្បីឆ្ពោះទៅរកការរស់នៅប្រកបដោយនិរន្តរភាព។

 

បន្ទាប់ពីដំឡើងប្រព័ន្ធបន្ទះសូឡា និងអាគុយនៅលើដំបូលដែលមានចំនួន ១៨ គីឡូវ៉ាត់រួចមក លោក Gould មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីថាមពលដែលផលិតឡើងដោយបន្ទះសូឡារបស់គាត់ប៉ុណ្ណោះទេ ថែមទាំងអាចរកប្រាក់ចំណូលបានតាមរយៈការបញ្ជូនថាមពលអគ្គិសនីលើសទៅក្នុងបណ្តាញអគ្គិសនីថែមទៀតផង។

 

អូស្ត្រាលីប្តេជ្ញាចែករំលែកការសិក្សានេះ ដែលជាផ្នែកមួយនៃការបន្តគាំទ្រសម្រាប់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅដ៏មហិចតាក្នុងការបង្កើតថាមពលកកើតឡើងវិញចំនួន ៧០ ភាគរយនៅឆ្នាំ ២០៣០ និងការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០។