capred
ព័ត៌មាន និងករណីសិក្សា

សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិនាំវិស័យស្រូវអង្ករកម្ពុជាទៅលើឆាកអន្តរជាតិ

សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិនាំវិស័យស្រូវអង្ករកម្ពុជាទៅលើឆាកអន្តរជាតិ

សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិ  (IWRC)  ឆ្នាំ ២០២៥ ត្រូវបានបើកដំណើរការនៅរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ឧស្សាហកម្មស្រូវអង្ករសកលលោក។ ពិធីបើកដំណើរការនេះត្រូវបានអញ្ជើញជាអធិបតីដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

 

សន្និសីទរយៈពេល ៣ ថ្ងៃនេះ ផ្ដល់វេទិកាមួយសម្រាប់ពិភាក្សាអំពីទស្សនវិស័យពាណិជ្ជកម្ម និងការផលិតស្រូវអង្ករ រួមទាំងការផ្លាស់ប្តូរថ្មីៗនៅក្នុងទីផ្សារស្រូវអង្ករសកល ផលប៉ះពាល់ពីការរំខានក្នុងពាណិជ្ជកម្ម និងគោលនយោបាយនានា ដើម្បីគាំទ្រដល់វិស័យស្រូវអង្ករឱ្យកាន់តែរឹងមាំ។ លើសពីនេះ វេទិកានេះនឹងផ្តល់ឱកាសពិភាក្សាអំពីបច្ចេកវិទ្យាកសិកម្ម និងវិធីសាស្ត្រឆ្ពោះទៅរកនិរន្តរភាពផងដែរ។

 

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកផលិតអង្ករ អ្នកជំនួញ និងអ្នកជំនាញស្រូវអង្ករកំពូលៗ មកពីជុំវិញពិភពលោក ហើយក៏នឹងមានការប្រគល់ពានរង្វាន់ “អង្ករល្អដាច់គេពិភពលោក” ផងដែរ។ រង្វាន់នេះ កម្ពុជាធ្លាប់ឈ្នះ រួចមកហើយចំនួន ៦ ដង សម្រាប់ពូជអង្ករ «ម្លិះអង្គរ»។

 

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម គឺជំរុញការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែរីកចម្រើន ជាពិសេសអង្ករក្រអូបប្រណិតដែលទទួលបានការគាំទ្រ និងការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដូចជាអង្ករផ្ការំដួល និងអង្ករសែនក្រអូប។ ការខិតខំប្រឹងប្រែងនេះ ត្រូវបានអនុវត្តតាមរយៈកម្មវិធីជំរុញពាណិជ្ជកម្ម និងសកម្មភាពផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់កិត្តិនាមអង្ករកម្ពុជា ឱ្យកាន់តែរឹងមាំទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិ។ ក្នុងនាមជាម្ចាស់ផ្ទះសម្របសម្រួលសន្និសីទអន្តរជាតិស្តីពីស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា សរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អង្ករដែលមានគុណភាពល្អ សុវត្ថិភាព ពោរពេញទៅដោយអាហារូបត្ថម្ភ និងប្រកបដោយនិរន្តរភាពទៅកាន់ពិភពលោក។ ជាមួយគ្នានេះដែរ កម្ពុជានឹងបន្តរួមចំណែកគាំទ្រការធានាសន្តិសុខស្បៀងសកល និងលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់ទូទាំងពិភពលោកអោយកាន់តែប្រសើរឡើង។»

 

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានមានប្រសាសន៍ថា៖ «អូស្ត្រាលីបានគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងធុរកិច្ចកសិកម្មកម្ពុជា អូស្ត្រាលីកំពុងជួយកម្ពុជាលើការបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក បើកទីផ្សារនាំចេញថ្មីៗ និងលើកកម្ពស់ការអនុវត្តផលិតកម្មប្រកបដោយនិរន្តរភាព និងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រ សន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិ ឆ្នាំ ២០២៥ នេះ និង បន្តកិច្ចសហការជាមួយកម្ពុជា ខណៈដែលកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានការទទួលស្គាល់ និងកេរ្តិ៍ឈ្មោះអង្កររបស់ខ្លួននៅលើឆាកអន្តរជាតិ»។

 

លោក Jeremy Zwinger ប្រធាន និងនាយកប្រតិបត្តិនៃ The Rice Trader (TRT) និងជាអ្នករៀបចំសន្និសីទស្រូវអង្ករពិភពលោក បានមានប្រសាសន៍ថា៖ «យើងមានជំនឿយ៉ាងមុតមាំលើភាពធន់ និងអនាគតដ៏ភ្លឺស្វាងរបស់ប្រជាជនកម្ពុជា ដោយស្រូវអង្ករបានដើរតួនាទីសំខាន់សម្រាប់អនាគតនេះ។ យើងពិតជាមានកិត្តិយស និងការគោរពយ៉ាងខ្ពង់ខ្ពស់ដែលបានរៀបចំសន្និសីទនេះដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា»។

 

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា៖ « IWRC25 គឺជាវេទិកាដ៏សំខាន់មួយសម្រាប់វិស័យស្រូវអង្ករ ដោយផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់បានជួបជុំគ្នា ចែករំលែកបទពិសោធន៍ និងទទួលបានចំណេះដឹងអំពីនិន្នាការប្រែប្រួលនៃវិស័យស្រូវអង្ករក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ការស្រាវជ្រាវ និងការអភិវឌ្ឍពូជស្រូវ។ សន្និសីទឆ្នាំ ២០២៥ នៅកម្ពុជានឹងផ្ដល់ឱកាសដល់អ្នកគ្រប់គ្នាក្នុងការស្វែងយល់អំពីការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ»។

 

សន្និសីទឆ្នាំ ២០២៥ ត្រូវបានរៀបចំដោយ TRT និងសហការរៀបចំដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងការគាំទ្រពីអូស្ត្រាលីតាមរយៈកម្មវិធី ភាពជាដៃគូអូស្ត្រាលីកម្ពុជាដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងសហព័ន្ធស្រូវអង្ករកម្ពុជា។ ព្រឹត្តិការណ៍នេះរំពឹងថា នឹងទាក់ទាញអ្នកចូលរួមជាង ៥០០ នាក់ រួមមាន អ្នកផលិតកែច្នៃស្រូវអង្ករ ក្រុមហ៊ុននាំចេញ អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នៃខ្សែច្រវាក់តម្លៃស្រូវអង្ករ។

 

សន្និសីទនេះមានស្តង់ពិព័រណ៍ចំនួន ១៨ ដែលក្រុមហ៊ុនឯកជន និងធុរកិច្ចកសិកម្ម បានដាក់តាំងបង្ហាញនូវផលិតផល   សេវាកម្ម និងការច្នៃប្រឌិតជាច្រើនប្រភេទ ចាប់ពីពូជអង្ករគុណភាពខ្ពស់ រហូតដល់បច្ចេកវិទ្យាទំនើប។ ពិព័រណ៍នេះ ផ្ដល់ឱកាសពិសេសសម្រាប់អ្នកចូលរួម ក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលៗផ្នែកឧស្សាហកម្ម ដើម្បីស្វែងយល់ពីដំណោះស្រាយសម្រាប់ទីផ្សារ និងជំរុញភាពជាដៃគូពាណិជ្ជកម្មថ្មីៗ។

 

ព្រឹត្តិការណ៍នេះក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនដូចខាងក្រោម៖ Golden Orient Ship Management and Agencies Inc, St 25 Rice, City Rice Import Export Co. Ltd, Yasar, Battambang Rice Investment Co. Ltd, Reap, AgriSea និង Absortech។

 

សម្រាប់ព័ត៌មានបន្ថែម ទាក់ទង: 

ស្ថានទូតអូស្រ្តាលី: Media.Cambodia@dfat.gov.au  

មាតិកាដែលពាក់ព័ន្ធ

អូស្ត្រាលីគាំទ្រដល់វិស័យកែច្នៃចំណីអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា

អូស្ត្រាលីគាំទ្រដល់វិស័យកែច្នៃចំណីអាហារដែលកំពុងរីកចម្រើនរបស់កម្ពុជា


ស្វែង​យល់​បន្ថែម
កម្ពុជាឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកឆ្នាំ ២០២៥!

កម្ពុជាឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកឆ្នាំ ២០២៥!


ស្វែង​យល់​បន្ថែម
អូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា

អូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា


ស្វែង​យល់​បន្ថែម