កាលពីថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី បានរៀបចំពិធីសម្ពោធ និងផ្សព្វផ្សាយជាផ្លូវការ ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានអ្នកចូលរួមប្រមាណជា ៥០០នាក់ ដែលជាងពាក់កណ្តាលនៃអ្នកចូលរួមជាស្រ្តី។ អ្នកចូលរួមទាំងនោះ មកពីតំណាងក្រសួង-ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ អ្នកបង្កើតគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ គ្រឹះស្ថានសិក្សា វិស័យឯកជន ក្រុមយុវជន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

នារីរតនៈទី៦ ជាផែនការមេ រយៈពេល៥ឆ្នាំ (ឆ្នាំ២០២៤-២០២៨) ដែលដាក់ចេញនូវវិធានការគន្លឹះចំនួន ៤១នារីរតនៈទី៦ ផ្តោតលើការបញ្ជ្រាបយេនឌ័រ តាមរយៈការធ្វើបរិវត្តកម្មយេនឌ័រ និងមានកម្មវិធីអាទិភាព ចំនួន៦ រួមមាន៖ ១.ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ២. ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ ៣.ការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តីនិងក្មេងស្រី ៤.កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី ៥.ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច និង៦.ស្រ្តីនិងការប្រែប្រួលអាកាសធាតុ។ 

 

លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រសួងកិច្ចការនារី បានលើកឡើងថា «ផែនការយុទ្ធសាស្រ្តនេះ បានរៀបចំឡើងឆ្លើយតបនឹងស្ថានភាព និងការ វិវត្តរបស់សង្គម អនុវត្តតាមក្របខ័ណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចូលរួមអនុវត្តន៍ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងការប្តេជ្ញាចិត្តនានានៅក្នុងអង្គការសហប្រជាជាតិ និងនៅក្នុងតំបន់»។

 

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា «នៅក្នុងការអនុវត្តនារីរតនៈទី៦ ក្រសួងកិច្ចការនារី នឹងបន្តដើរតួនាទី តាមរូបភាព០២សំខាន់ៗ៖ ទី១.ការគាំទ្រនិងផ្តល់ធាតុចូលដល់វិស័យ, ក្រសួង-ស្ថាប័ននិងដៃគូពាក់ព័ន្ធ ឱ្យកាន់តែមានសក្តានុពល, ប្រសិទ្ធភាពខ្ពស់ និងប្រកបដោយបរិយាបន្ន ដែលធ្វើឡើងតាមរយៈការវិភាគរកបញ្ហានិងគម្លាតយេនឌ័រ និងការបញ្ជ្រាបឬបញ្ចូលតម្រូវការនោះ ទៅក្នុងក្របខ័ណ្ឌគោលនយោបាយ កម្មវិធីជាតិ និងតាមវិស័យ ការគាំទ្រដល់យន្តការបញ្ជា្របយេនឌ័រតាមក្រសួង-ស្ថាប័ននៅគ្រប់កម្រិត និងការលើកកម្ពស់ការយល់ដឹងនិងផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន ដើម្បីគាំទ្រដល់ការកាត់បន្ថយគម្លាតយេនឌ័រនៅគ្រប់វិស័យ និងរូបភាព ទី ២. ក្រសួងនឹងធ្វើការ ឬគាំទ្រផ្ទាល់ដល់ស្រ្តីនិងក្មេងស្រី ដូចជាជួយដល់ស្រ្តីនិងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចនិងសហគ្រិនភាព និងការលើកកម្ពស់ភាពជា    អ្នកដឹកនាំជាដើម។

 

អូស្រ្តាលី ជាអ្នកឧបត្ថមធំនៃកម្មវិធីដាក់ឱ្យដំណើរការផែនការយុទ្ធសាស្រ្តនារីរតនៈទី៦។ ឯកអគ្គរដ្ឋទូតរងស្តីទីនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា Amber Cernovs  បានលើកឡើងថា “យើងមិនត្រឹមតែដាក់ឱ្យដំណើរការនូវ ផែនការយុទ្ធសាស្រ្តនារីរតនៈទី ៦ នោះទេ ប៉ុន្តែយើងក៏បានអបអរសាទរភាពជាដៃគូដ៏យូរអង្វែងរវាងអូស្ត្រាលី និងកម្ពុជា ដែលសម្រេចបាននូវផែនការយុទ្ធសាស្រ្តនេះ។ យុទ្ធសាស្ត្រនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់យើងក្នុងការកសាងសង្គមមួយប្រកបដោយបរិយាបន្ន ដែលក្នុងនោះសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីផ្នែកសេដ្ឋកិច្ច គឺមិនមែនគ្រាន់តែជាគោលដៅតែប៉ុណ្ណោះនោះទេ ប៉ុន្តែវាគឺជាការពិតដែលយើងកំពុងតែកសាងរួមគ្នា។” 

 

ឯកអគ្គរដ្ឋទូតរងស្តីទី Amber Cernovs បានសង្កត់ធ្ងន់ថា “តាមរយៈកម្មវិធី ភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងកម្មវិធីផ្សេងទៀតរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង អូស្ត្រាលីប្តេជ្ញាចិត្តជួយដល់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ដោយធានាឱ្យបានថាស្ត្រី និងកុមារីមានឱ្យកាសទទួលបានភាពជោគជ័យ និងក្លាយជាអ្នកដឹកនាំ។ ផែនការដ៏សំខាន់មួយនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីលទ្ធផល ដែលយើងអាចសម្រេចបានរួមគ្នា ហើយយើងទន្ទឹងរង់ចាំក្នុងការបន្តដំណើរមួយនេះ ឆ្ពោះទៅរកអនាគតប្រកបដោយសមធម៌ជាងមុនសម្រាប់ទាំងអស់គ្នា»។

 

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា «ការដាក់ចេញនារីរតនៈទី៦នេះ មានគោលដៅចូលរួមចំណែកក្នុងការពង្រឹងមូលដ្ឋានគ្រឹះ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រនិងទាញយកភាគលាភយេនឌ័រនៅតាមវិស័យពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការជំរុញល្បឿននៃកំណើនសេដ្ឋកិច្ច ការពង្រឹងសុខុមាលភាពសង្គមនិងភាពធន់របស់ប្រជាជន និងលើកកម្ពស់អភិបាលកិច្ចនៅគ្រប់កម្រិតប្រកបដោយបរិយាបន្ន។ យើងត្រូវការដើរលើផ្លូវ ដែលមានចក្ខុវិស័យវែងឆ្ងាយនេះជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការនិងការចូលរួមជាមួយគ្នាឱ្យកាន់តែទូលំទូលាយ ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនេះ។

 

ពិធីសម្ភាធជាផ្លូវការនេះ បានរៀបចំឡើងនៅសណ្ឋាគារសាន់&មូនរីវើសាយ ក្នុងភាពជាដៃគូជាមួយនឹងប្រទេសអូស្រ្តាលី តាមរយៈ តាមរយៈកម្មវិធី CAPRED និងគាំទ្របន្ថែមដោយ អង្គការ Oxfam, Plan International, UNDP, World Bank, UN Women, RECOFTC, Fred Hollows Foundation, UNIDO, UNFPA, ACCESS II, TPO, និង Vital Strategies។