ក្នុងឳកាសទិវាទឹកពិភពលោក អូស្ត្រាលីបន្តប្តេជ្ញា ក្នុងការជំរុញការផ្គត់ផ្គង់ទឹកស្អាតសម្រាប់អ្នករាល់គ្នា។ តាមរយៈយុទ្ធសាស្រ្ត ស្ដីពីការវិនិយោគ និងភាពជាដៃគូ ពួកយើងបានជួយប្រជាជនកម្ពុជានៅជនបទជាង ១,២ លាននាក់ ឲ្យទទួលបានទឹកស្អាតប្រើប្រាស់ ដែលជួយលើកកម្ពស់ការរស់នៅ ពង្រឹងភាពជាសហគមន៍ និងកសាងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។
តាមរយៈកម្មវិធី CAPRED ផែនការសកម្មភាពគាំទ្រទឹកស្អាតរបស់អូស្ត្រាលីនេះ បានជួយឲ្យ អ្នកស្រី កា ហ៊ុយ ដែលជាអ្នកកាន់ប័ណ្ណក្រីក្រ ក្នុងខេត្តកំពង់ធំ ទទួលបានការឧបត្ថម្ភធនសម្រាប់តភ្ជាប់ទឹក នឹងផ្តល់ឱ្យគ្រួសារអ្នកស្រីនូវលទ្ធភាពតភ្ចាប់បណ្ដាញទឹកស្អាត ដែលមានសុវត្ថិភាព។ ពីមុនមក អ្នកស្រីបានជួបប្រទះនឹងការខ្វះខាតទឹកពេញមួយឆ្នាំ ដោយសារតែ អណ្តូងរបស់អ្នកស្រី បានរីងស្ងួតក្នុងរដូវប្រាំង ក៏ដូចជា ងាយនឹងជួបបញ្ហាបំពុល និងលិចលង់ក្នុងរដូវវស្សា។ អ្នកស្រីបានលើកឡើងថា ជំនួយគាំទ្រនេះ បានផ្លាស់ប្តូរជីវិតរបស់អ្នកស្រី ឲ្យរួចផុតពីវិបត្តិកង្វះទឹកស្អាត និងសម្រាលបន្ទុកប្រចាំថ្ងៃ លើការដងទឹកយកមកប្រើប្រាស់។
អូស្ត្រាលីនឹងបន្តប្តេជ្ញា ក្នុងការសហការជាមួយកម្ពុជា ដើម្បីឲ្យសម្រេចបាននូវ លទ្ធភាពទទួលបានសេវាទឹកស្អាតជាសាកលក្នុងឆ្នាំ២០៣០។