អស់រយៈពេលជាយូរ កម្ពុជាបានពឹងផ្អែកលើការនាំចូលផលិតផលចំណីអាហារជាច្រើន រាប់ចាប់ពីទឹកដោះគោស្រស់ មីកញ្ចប់ រហូតដល់គ្រឿងទេស និងទឹកជ្រលក់ផ្សេងៗ។ អូស្ត្រាលីកំពុងសហការជាមួយអ្នកផលិតអាហារក្នុងស្រុក ដើម្បីពង្រីកការផលិតក្នុងប្រទេស កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងកសាងប្រព័ន្ធស្បៀងអាហារឱ្យកាន់តែមានភាពធន់។
ការគាំទ្ររបស់យើងចំពោះក្រុមហ៊ុនលាងឡេង ក្នុងការបង្កើតរោងចក្រកែច្នៃទឹកជ្រលក់ នឹងពង្រីកទីផ្សារ គ្រំចំពុះទាក្នុងស្រុក ដែលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតទឹកជ្រលក់។ គម្រោងនេះត្រូវបានរំពឹងថានឹងបង្កើនតម្រូវការគ្រុំចំពុះទា ពី៧២តោនទៅជាង៩៥០តោនក្នុងមួយឆ្នាំ និងរួមចំណែកផ្តល់ប្រាក់ចំណូលទៅគ្រួសារយ៉ាងហោចណាស់ ៤០០ គ្រួសារ នៅក្នុងសហគមន៍នេសាទពាមក្រសោប។
យើងក៏កំពុងជួយភ្ជាប់ផលិតផលដែលផលិតនៅកម្ពុជាជាមួយអ្នកចែកចាយធំៗ ដើម្បីឱ្យផលិតផលទាំងនោះអាចដាក់លក់បានកាន់តែទូលំទូលាយនៅតាមផ្សារទំនើបទូទាំងប្រទេស។
តាមរយៈការគាំទ្រអ្នកផលិតក្នុងស្រុក អូស្ត្រាលីកំពុងជួយកម្ពុជាដើម្បីកសាងប្រព័ន្ធស្បៀងអាហារ ឱ្យមានភាពម្ចាស់ការជាងមុន ព្រមទាំងបង្កើតការងារ គាំទ្រជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានភាពធន់។