ថ្មីៗនេះ អូស្ត្រាលីបានរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីដៃគូអភិវឌ្ឍន៍នានាលើវិស័យថាមពល ដើម្បីចែករំលែកព័ត៌មានអំពីការងាររបស់ពួកគេលើវិស័យថាមពល ក្នុងន័យបំពេញបន្ថែម និងទាញយកអត្ថប្រយោជន៍ពីការសហការរួមគ្នានេះ។

 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងជារៀងរាល់ប្រាំមួយខែម្តង ហើយជាវេទិកាមួយដើម្បីបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យថាមពល។ កិច្ចប្រជុំនេះ ក៏មានគោលដៅបញ្ជៀសការធ្វើការងារជាន់គ្នា និងការស៊ីសង្វាក់គ្នាលើការផ្តល់ការវិនិយោគដោយដៃគូនីមួយៗ។

 

កិច្ចប្រជុំបានផ្តោតលើប្រធានបទៗចំនួនបី រួមមាន៖ ប្រសិទ្ធភាពថាមពល ការដាក់បញ្ចូលថាមពលកកើតឡើងវិញទៅក្នុងបណ្តាញមេ និងផែនការអភិវឌ្ឍន៍ថាមពលកម្ពុជា។

 

តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់យើង– CAPRED – អូស្ត្រាលីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគ្រប់គ្រងការផ្លាស់ប្តូរមកប្រើថាមពលស្អាត។ គោលបំណងរបស់យើងគឺដើម្បីកសាងអនាគតប្រកបដោយភាពភ្លឺថ្លា និងថាមពលស្អាតសម្រាប់កម្ពុជា។