អូស្ត្រាលី និងកម្ពុជាចែករំលែកបញ្ហាប្រឈម និងឱកាសនៃថាមពលស្រដៀងគ្នា។ ប្រទេសទាំងពីរកំពុងធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ស្របពេលដែលតម្រូវការថាមពលកំពុងកើនឡើង។ ប្រទេសទាំងពីរក៏មានសក្តានុពលស្រូបទាញថាមពលពន្លឺព្រះអាទិត្យយ៉ាងទូលំទូលាយផងដែរ។

 

យើងត្រូវការដំណោះស្រាយជាក់ស្តែង និងប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ គោលនយោបាយ និងបច្ចេកទេសដែលពើបប្រទះនៅក្នុងការផ្លាស់ប្តូរទៅថាមពលស្អាត។ នោះហើយជាមូលហេតុដែលអូស្ត្រាលីមានមោទនភាព ក្លាយជាដៃគូស្ថាបនិកនៃសប្តាហ៍ថាមពលស្អាត (CEW) ជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយបង្ហាញពីសក្តានុពលដ៏ធំធេងនៃថាមពលស្អាតដើម្បីផ្តល់ថាមពលប្រកបដោយចីរភាពដល់អនាគតរបស់កម្ពុជា។

 

សប្តាហ៍ថាមពលស្អាតនឹងគូសបញ្ជាក់អំពីមហិច្ឆតារបស់កម្ពុជាក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ក្នុងការច្នៃប្រឌិតថាមពលស្អាត ការបើកឱកាសវិនិយោគថ្មីៗ និងការដោះស្រាយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដែលកំពុងកើតឡើង។ អ្នកជំនាញ និងអ្នកអនុវត្តគោលនយោបាយឈានមុខ នឹងពិភាក្សាអំពីឱកាស  និងដំណោះស្រាយថាមពលស្អាតសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ និងកំណើនប្រកបដោយចីរភាព។