អូស្ត្រាលី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) កំពុងធ្វើការរួមគ្នាដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ និងពង្រឹងភាពប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា។
ថ្ងៃនេះ ដោយមានការគាំទ្រពីប្រទេសអូស្រ្តាលី តាមរយៈកម្មវិធី ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការក្នុងការរៀបចំបង្កើតសេវាកម្មធ្វើតេស្តវិភាគដោយមានការទទួលស្គាល់ (ដែលអនុលោមតាមស្តង់ដារ ISO 17025) សម្រាប់វិភាគរក កាកសំណល់ថ្នាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។
អាជីវកម្ម ប្រមាណ ៧០ភាគរយ ជួបប្រទះនឹងឧបសគ្គរាល់ពេលដែលពួកគេស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពសម្រាប់ផលិតផលកសិកម្ម ផ្នែកមួយនៃឧបសគ្គទាំងនោះ គឺដោយសារកង្វះខាតសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគដែលមានការទទួលស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មទាំងនោះ ពឹងផ្អែកលើសេវាកម្មមន្ទីរពិសោធន៍នៅបរទេស ដែលកត្តានេះបណ្តាលឱ្យមានការកើនឡើងហានិភ័យនៃការចម្លង ការពន្យារពេលវេលាទទួលបានលទ្ធផលវិភាគ ការចំណាយខ្ពស់ និងការកាត់បន្ថយភាពប្រកួតប្រជែង។ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារឆ្នាំ ២០២២ របស់កម្ពុជា ក៏បានលើកឡើងពីការធានាសុវត្ថិភាពម្ហូបអាហារនៅក្នុងដំណើរការផលិតកម្ម ដែលនេះគឺជាហេតុផលមួយទៀតបង្ហាញពីភាពចាំបាច់ ដែលកម្ពុជាត្រូវមានសេវាកម្មធ្វើតេស្តមន្ទីរពិសោធន៍នៅក្នុងស្រុកដោយខ្លួនឯងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។
សេវាកម្មវិភាគថ្មីនេះ ដែលនឹងត្រូវបានផ្តល់តាមរយៈ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហាររបស់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការទទួលបានសេវាមន្ទីរពិសោធន៍ធ្វើតេស្តវិភាគក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះនៃការរីកចម្រើន និងភាពប្រកួតប្រជែងនៅក្នុងវិស័យនេះ។ តាមរយៈ ការឧបត្ថម្ភក្នុងការៀបចំបង្កើតនូវមន្ទីរពិសោធន៍ទាំងនេះ អូស្ត្រាលីកំពុងតែជួយគាំទ្រអាជីវកម្មកម្ពុជាផលិត ផលិតផលកសិ-ចំណីអាហារ ប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ និងប្រកបដោយប្រសិទ្ធភាពលើការចំណាយ»។
កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ទិដ្ឋភាពសុវត្ថិភាពចំណីអាហាររបស់កម្ពុជា។ តាមរយៈ ការបង្កើតមន្ទីរពិសោធន៍ទំនើបចុងក្រោយដែលមានការទទួលស្គាល់នេះ អូស្ត្រាលី និងវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា កំពុងគាំទ្រដល់សុខភាពសាធារណៈ អាជីវកម្មក្នុងស្រុក រួមទាំងអាជីវកម្មដែលដឹកនាំដោយស្ត្រី ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ និងឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ។
សាស្ត្រាចារ្យ André Spiegel នាយកនៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានសម្តែងការថ្លែងអំណរគុណចំពោះការគាំទ្រ ដែលផ្តល់ជូនដោយប្រទេសអូស្រ្តាលី តាមរយៈកម្មវិធី CAPRED។
សាស្ត្រាចារ្យ André Spiegel បានមានប្រសាសន៍ថា៖ «សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះ មិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ” ។
ការគាំទ្រដល់វិស័យកសិ-ចំណីអាហាររបស់កម្ពុជានេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។