តោះ សាកស្រមៃមើលថា កម្ពុជា គឺជាប្រទេសដែលស្ត្រី និងកុមារី ខិតសំប្រឹងប្រែងក្លាយជាអ្នកដឹកនាំ ជាសហគ្រិន និងទទួលបានភាពស្មើគ្នា។ នោះគឺជាទស្សនវិស័យនៅពីក្រោយយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤ – ២០២៨) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដែលដាក់ឱ្យដំណើរការដោយក្រសួងកិច្ចការនារី និងគាំទ្រដោយប្រទេសអូស្ត្រាលី។
អូស្ត្រាលីមានមោទនភាពដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាលើគំនិតផ្តួចផ្តើមនេះ ហើយយើងមានជំហររឹងមាំ ក្នុងន័យជួយដល់កម្ពុជាលើមាគ៌ាផ្លាស់ប្តូរដ៏វិជ្ជមាននេះ។ យើងជឿជាក់ថា សមភាពយេនឌ័រមិនត្រឹមតែជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាមានសារៈសំខាន់ផងដែរក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងវិបុលភាព។
ផែនការយុទ្ធសាស្រ្តមួយនេះ ជួយត្រួសត្រាយផ្លូវសម្រាប់កម្ពុជាឱ្យក្លាយជាប្រទេសប្រកបដោយសមធម៌ជាងមុន ដោយផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីលើគ្រប់ទិដ្ឋភាពនៃជីវិត។ យុទ្ធសាស្ត្រក៏ផ្តល់អាទិភាពដល់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ ការនេះ មានន័យថា ឱកាស កាន់តែច្រើននឹងត្រូវបានបង្កើតឡើងសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការចូលរួមក្នុងវិស័យការងារ ដឹកនាំអាជីវកម្មដែលរីកចម្រើន និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។
កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏លេចធ្លោរបស់យើង CAPRED ការងារជាក់ស្តែងដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់យើង ដោយបាននឹងកំពុងតែសហការជាមួយរាជរដ្ឋាភិបាលកម្ពជា និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងន័យលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅគ្រប់វិស័យពាក់ព័ន្ធ។