អូស្ត្រាលីប្តេជ្ញាសហការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០ ដែលនឹងជួយលើកកម្ពស់សុខភាពសាធារណៈ ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងពង្រីកឱកាសសេដ្ឋកិច្ច។
ថ្មីៗនេះ អូស្ត្រាលីបានគាំទ្រដល់សន្និបាតលើកទី ១៤ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ដែលក្នុងនោះ ប្រតិបត្តិករទឹកស្អាតឯកជន អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមគ្នាដើម្បីជំរុញផែនការសកម្មភាពយុទ្ធសាស្ត្ររបស់ ស.ទ.ក ឆ្នាំ ២០២៥-២០៣០ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមទឹកស្អាតអូស្ត្រាលី។
អូស្ត្រាលីបានសហការក្នុងការពង្រឹងវិស័យទឹកស្អាតរបស់កម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ កិច្ចការនេះបានជួយពង្រឹងដល់អង្គភាពរដ្ឋាករទឹកសាធារណៈ និងឯកជន បង្កើនការអភិវឌ្ឍអាជីពសម្រាប់វិស្វករទឹកវ័យក្មេង និងពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់តាមបំពង់នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។