ក្រោមកិច្ចគាំទ្ររបស់អូស្ត្រាលីតាមរយៈកម្មវិធី CAPRED កម្មវិធី CNai ផ្តល់សិទ្ធិអំណាចដល់អាជីវកម្មខ្នាតតូច និងអាជីវកម្មកំពុងលូតលាស់នៅកម្ពុជា ដោយពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការត្រៀមខ្លួនទទួលបានការវិនិយោគ ភ្ជាប់ទំនាក់ទំនងអាជីវកម្មទាំងនោះទៅកាន់អ្នកវិនិយោគ និងជំរុញការវិនិយោគផ្នែកយេនឌ័រ។
កម្មវិធីនេះ ផ្តល់ការបណ្តុះបណ្តាលសមត្ថភាពទៅកាន់អាជីវកម្មថ្មីៗទាំងនោះ ដើម្បីការពារ និងដោះស្រាយបញ្ហាបៀតបៀនផ្លូវភេទ និងបញ្ហាឬការប្រព្រឹត្តមិនត្រឹមត្រូវក្នុងទម្រង់ផ្សេងទៀតនៅកន្លែងធ្វើការ ឱ្យបានប្រសើរជាងមុន។ ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា គឺរីករាលដាល ហើយត្រូវបានគេប៉ាន់ស្មានថាបានកើតឡើងលើស្រ្តីប្រមាណពី ៤០-៦០ភាគរយ និងបុរសប្រមាណ ១០ភាគរយ (អង្គការពលកម្មអន្តរជាតិ)។
ការបណ្តុះបណ្តាលនេះ បានជំរុញឱ្យ លោក ឈិនលីម សិរីវង្ស ស្ថាបនិកក្រុមហ៊ុន Xertificiate បង្កើតគោលការណ៍កន្លែងការងារប្រកបដោយសុវត្ថិភាព និងបរិយាប័ន សម្រាប់អាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនរបស់គាត់ ដែលបុគ្គលិកទាំងអស់នឹងត្រូវយល់ព្រម និងចុះហត្ថលេខា។
ក្រុមហ៊ុន Xertificate ស្ថិតនៅក្នុងចំណោមបេក្ខជនជ័យលាភីចុងក្រោយទាំងបួននៃកម្មវិធី CNai។ ក្រុមហ៊ុននេះ ផ្តោតលើសេវាកម្មវិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណដែលមានមូលដ្ឋានលើ blockchain ដែលអាចឱ្យការចេញវិញ្ញាបនបត្រឌីជីថលប្រកបដោយសុវត្ថិភាព ជាមួយនឹងការតាមដាន និងការផ្ទៀងផ្ទាត់អត្តសញ្ញាណ។