សាកស្រមៃមើលពិភពលោកដែលពោរពេញដោយសមភាពយេនឌ័រ គ្មានភាពលំអៀង ផ្នត់គំនិតសង្គម និងការរើសអើង។ ពិភពលោកប្រកបដោយភាពចម្រុះ សមធម៌ និងបរិយាបន្ន គឺជាកន្លែងដែលភាពខុសប្លែកគ្នាត្រូវបានគេឱ្យតម្លៃ និងអបអរសាទរ។
សប្តាហ៍នេះ យើងនឹងធ្វើការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ហើយមួយសប្តាហ៍ពេញ យើងនឹងអបអរដល់ស្ត្រីដែលមានភាពលេចធ្លោខាងការច្នៃប្រឌិត និងបច្ចេកវិទ្យាដើម្បីសមភាពយេនឌ័រ។
ជួបជាមួយ លោកស្រី ឈឹម ជាស្ត្រីនៅពីក្រោយទំនើបកម្មកសិកម្មនៅកម្ពុជា។ លោកស្រីជាអ្នកផ្តល់សេវាផ្នែកគ្រឿងចក្រកៀដីកសិកម្មឡាស៊ែរដល់កសិករក្នុងខេត្តបន្ទាយមានជ័យ។
ការកៀដីកសិកម្មដោយប្រើគ្រឿងចក្រគឺជាបច្ចេកវិទ្យាដ៏សុក្រឹតមួយ ដែលជួយកសិករកាត់បន្ថយការប្រើប្រាស់ទឹក បង្កើនប្រសិទ្ធភាពនៃធាតុចូលកសិកម្ម និងបង្កើនទិន្នផល និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
កាលពីឆ្នាំ ២០២២ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី លោកស្រី ឈឹម បានទិញគ្រឿងចក្រកៀដីកសិកម្មឡាស៊ែរមួយគ្រឿង ហើយប្រើប្រាស់វាដើម្បីកៀដីស្រែដែលមានផ្ទៃទំហំប្រមាណជា ៤០ ហិកតា។ ដំបូងឡើយ លោកស្រីយល់ថាបច្ចេកវិជ្ជាគួរឱ្យភ័យខ្លាច ប៉ុន្តែការរៀនពីគ្រឿងចក្រ និងបច្ចេកវិទ្យាថ្មី មិនមានអ្វីពិបាកដូចដែលលោកស្រីបានគិតឡើយ។ ស្ត្រីម្នាក់នេះ បានលើកទឹកចិត្តស្ត្រីផ្សេងទៀត កុំឱ្យភាពភ័យខ្លាច ក្លាយជាឧបសគ្គសម្រាប់ពួកគេ ហើយចាប់យកនវានុវត្តន៍ ក៏ដូចជាបច្ចេកវិទ្យាក្នុងការធ្វើកសិកម្ម។ ការគិត និងធ្វើដូច្នេះ អាចជួយឱ្យលោកស្រីរកប្រាក់ចំណេញ និងទទួលបានលទ្ធផលល្អ។ ឥឡូវនេះ លោកស្រីគ្រោងនឹងទិញគ្រឿងចក្រកៀដីកសិកម្មឡាស៊ែរថ្មីមួយគ្រឿងបន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់លោកស្រី។
អូស្ត្រាលីប្តេជ្ញាជួយដល់វិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតជាពិសេសលើអាជីវកម្មដែលដឹកនាំដោយស្ត្រី។ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលីដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) មានគោលបំណងកសាង និងជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។
