ភាគីពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតមកពីទូទាំងប្រទេសកម្ពុជាបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១២ នៃសមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នៅរាជធានីភ្នំពេញនៅថ្ងៃនេះ។ ព្រឹត្តិការណ៍នេះ ជាវេទិកាមួយសម្រាប់អបអរសាទរពីសមិទ្ធផលទទួលបាន និងស្វែងរកដំណោះស្រាយនានាប្រកបដោយនវានុវត្តន៍ក្នុងវិស័យទឹកស្អាតកម្ពុជា។

 

ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា រួមជាមួយនឹងក្រុមប្រឹក្សាភិបាលរបស់ CWA សន្និបាតនេះមានការចួលរួមពីតំណាងស្ថានប័នប្រមាណ ៣៦០នាក់មកពីស្ថាប័នរដ្ឋាភិបាល ប្រតិបត្តិករទឹក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្គត់ផ្គង់សំភារៈពាក់ព័ន្ធនឹងទឹក។

 

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានមានប្រសាសន៍ថា “ការធានានូវលទ្ធភាពទទួលបានទឹកស្អាត គឺជាកត្តាសំខាន់បំផុតសម្រាប់ការពារសុខភាពសាធារណៈ និងការទាក់ទាញការវិនិយោគនានាពីក្នុងស្រុក និងអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ "ក្រសួងលើកទឹកចិត្តក្នុងការលើកកម្ពស់សមត្ថភាពប្រតិបត្តិករទឹកឯកជនក្នុងន័យពង្រីកសេវាកម្មរបស់ពួកគេដោយអនុឡោមតាមអាជ្ញាប័ណ្ណ ដែលត្រូវបានប្រគល់ជូន ដោយផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ទឹកប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ទាំងអស់គ្នា"។

 

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃកិច្ចសហការរវាងអាជ្ញាធរផ្នែកផ្គត់ផ្គង់ទឹក ប្រតិបត្តិករទឹកស្អាតឯកជន ដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញវិស័យទឹកស្អាតរបស់កម្ពុជាឱ្យឆ្ពោះទៅមុខ ខណៈដែលវិស័យនេះកំពុងតែមានសន្ទុះ។

 

ក្នុងអំឡុងសន្និបាតនោះ រដ្ឋាភិបាលអូស្ត្រាលីបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវលទ្ធភាពទទួលបានជាសកលនូវទឹកស្អាតប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០។

 

ឯកឧត្តមឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏លេចធ្លោរបស់ខ្លួន គឺ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីភាពជាដៃគូយូរអង្វែងរបស់កម្មវិធីនេះជាមួយកម្ពុជាលើការអភិវឌ្ឍនវិស័យទឹកស្អាត ដោយផ្អែកលើជំនឿរួមមួយថា ការទទួលបានទឹកស្អាត គឺជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព។

 

ឯកឧត្តមឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត បានបញ្ជាក់ថា «អូស្ត្រាលីបានសហការជាដៃគូជាមួយប្រទេសកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍ ដើម្បីជួយប្រជាជនកម្ពុជានៅតាមជនបទជាងមួយលាននាក់ ទទួលបានទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់ »។ «លទ្ធផល គឺប្រជាជនមានសុខភាពល្អ មានការងារកាន់តែច្រើនក្នុងសហគមន៍ ហើយសេដ្ឋកិច្ចក្នុងមូលដ្ឋានកាន់តែរឹងមាំជាងមុន»។

 

CWA គឺជាសមាគមមិនស្វែងរកប្រាក់ចំណេញឈានមុខគេសម្រាប់ការផ្គត់ផ្គង់ទឹកនៅក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់កិច្ចសហការ និងការរៀនសូត្រ/ទទួលបានចំណេះដឹងក្នុងចំណោមភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។ CWA មានសមាជិកដែលជាប្រតិបត្តិករទឹកឯកជនចំនួន ៣០០ មកពី ២៣ ខេត្ត និង ៤៣សមាជិកទៀតជា ក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទាក់ទងនឹងទឹកផងដែរ។

 

សន្និបាតលើកទី ១២ របស់ខ្លួនមានគោលបំណងដើម្បីអបអរសាទរសមិទ្ធិផលរបស់ក្រុមប្រឹក្សាភិបាលនៃអាណត្តិទី ៣ ពីឆ្នាំ ២០២០-២០២៣ ជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីសម្រាប់អាណត្តិ ២០២៤-២០២៧ ទទួលស្គាល់ការអនុវត្តរបស់ CWA ក្នុងឆ្នាំ ២០២៣ និងរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៤ និងពង្រឹងការទំនាក់ទំនង និងការចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាក្នុងចំណោមសមាជិករបស់ខ្លួន។