ក្នុងសប្តាហ៍នេះ លោកស្រី Amber Cernovs លេខាធិការទីមួយប្រចាំស្ថានទូតអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ បានបង្ហាញពីយុទ្ធសាស្ត្រអាទិភាព និងសមិទ្ធិផលសំខាន់ៗរបស់ CAPRED និងរបៀបដែលយុទ្ធសាស្ត្រអាទិភាពស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការពិភាក្សាក៏បានផ្តោតផងដែរ ទៅលើភាពធន់នឹងអាកាសធាតុ និងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្នសម្រាប់យើងទាំងអស់គ្នា។
ក្នុងកិច្ចប្រជុំនេះមានវត្តមានចូលរួមពី សមាជិកគណៈកម្មាធិការមកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកិច្ចការនារី។
កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិស លើកទីមួយ នៃ CAPRED នេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលី ក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ក្នុងការកសាងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។