News & Stories

ស្តីពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន អបអរសាទរខួប ២៥ឆ្នាំ នៃកិច្ចសន្ទនា ភាពជាដៃគូ និងកំណែទម្រង់

 ស្តីពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន អបអរសាទរខួប ២៥ឆ្នាំ  នៃកិច្ចសន្ទនា ភាពជាដៃគូ និងកំណែទម្រង់

ថ្ងៃនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយ ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី ដើម្បីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងចូលរួមអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតវេទិកាកម្រិតខ្ពស់បំផុតរបស់កម្ពុជា សម្រាប់កិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។

 

វេទិកាG-PSF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជននិងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការផ្តល់លទ្ធភាពឱ្យវិស័យឯកជនក្លាយជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។

 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងស្របពេលដែលកម្ពុជាទទួលបានកំណត់ត្រាថ្មីមួយនៃការអនុម័តគម្រោងវិនិយោគ ដែលក្នុងរយៈពេលជិត១១ខែនៃឆ្នាំ២០២៥ បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ជិត ៦០០គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៤ប៊ីលានដុល្លារអាម៉េរិក។ តួលេខនេះ គឺលើសកំណត់ត្រាដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤ ដែលក្នុងរយៈពេល១ឆ្នាំពេញ បានអនុម័ត គ.ល.គ. ចំនួន ៤១៤គម្រោង។ 

 

របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ បានទទួលការឯកភាពពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ របាយការណ៍នេះ បានរៀបរាប់លម្អិតអំពីវឌ្ឍនភាពនៅតាមវិស័យកំណែទម្រង់អាទិភាព រួមមាន ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ពន្ធដារ ពន្ធគយ កសិកម្ម និងការធ្វើសាមញ្ញកម្មបទប្បញ្ញត្តិ។ របាយការណ៍នេះ ក៏រំលេចផងដែរនូវ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ របស់បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារតាមវិស័យ ដោយវិធានការដែលសម្រេចពេញលេញមានចំនួន ៩៣% និងវិធានការនៅសេសសល់ចំនួន ៧%ទៀត គឺកំពុងបន្តអនុវត្ត ដែលបង្ហាញថាការអនុវត្តវិធានការកំពុងដំណើរការយ៉ាងរលូន ឈានទៅរកវេទិកា G-PSF លើកទី២០ ដែលរំពឹងថានឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ របាយការណ៍វឌ្ឍនភាពក៏បានរំលេចនូវវឌ្ឍនភាពនៃការដោះស្រាយបញ្ហា ដែលបានលើកឡើងនៅតាមក្រុមការងារតាមវិស័យទាំង១៦ផងដែរ។

 

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា «ក្នុងពេលដែលយើងប្រារព្ធពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតយន្តការ G-PSF នាពេលនេះ យន្តការនេះគឺកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ក្នុងបរិបទនៃបញ្ហាប្រឈមថ្មីៗក្នុងតំបន់ រួមមានបម្រែបម្រួលនៃបរិបទពាណិជ្ជកម្មសកល យន្តការនេះនឹងជួយពង្រឹងសមត្ថភាពស្ថាប័ន និងគាំទ្រវិស័យឯកជន ក្នុងការសម្រេចបាននូវសក្តានុពលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា។ យើងនឹងបន្តអភិវឌ្ឍយន្តការ G-PSF និងធានាឱ្យបាននូវលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចសន្ទនារបស់ក្រុមការងារតាមវិស័យនៃវេទិកា G-PSF »។

 

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «អូស្ត្រាលីគាំទ្រដល់ការរៀបចំគោលនយោបាយដែលពឹងផ្អែកលើមូលដ្ឋានភស្តុតាងរឹងមាំ និងកិច្ចសន្ទនាដែលប្រកបដោយបរិយាបន្ន។ យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក.អ.ក និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពនៅក្នុងវេទិកាដ៏សំខាន់មួយនេះ ដែលជួយសម្រួលដល់កិច្ចសន្ទនាគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា»។សភាពាណិជ្ជកម្មកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលផ្នែកឯកជននៃវេទិកា G-PSF ដោយបានបង្ហាញនូវទស្សនៈនិងគោលគំនិតរបស់ពួកគេ និងផ្តល់នូវអនុសាសន៍រួមដល់រាជរដ្ឋាភិបាលកម្ពុជា។ ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមចំណែកក្នុងសេដ្ឋកិច្ច គឺជាគន្លឹះសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ។

 

ប្រទេសអូស្ត្រាលី បានចាប់ផ្តើមផ្តល់ការគាំទ្រដល់យន្តការ G-PSF  ក្នុងឆ្នាំ២០០២ ដោយបានផ្តល់ជំនួយគាំទ្រស្របគ្នាជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដល់ការកសាងលេខាធិការដ្ឋាន G-PSF ។ ប្រទេសអូស្ត្រាលីបានបន្តភាពជាដៃគូនេះឡើងវិញនៅក្នុងឆ្នាំ២០២៣ តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ជំនួយគាំទ្រនេះ ត្រូវបានផ្តល់ជូន ក.អ.ក., សភា-ពាណិជ្ជកម្មកម្ពុជា និងក្រុមការងារតាមវិស័យទាំង១៦ នៃវេទិកា G-PSF និងផ្តោតសំខាន់លើការពង្រឹងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធនៃយន្តការ G-PSF សំដៅជំរុញការអនុវត្តកំណែទម្រង់ឱ្យបានទាន់ពេលវេលា និងប្រកបដោយគណនេយ្យភាព។

 

សិក្ខាសាលានេះ ក៏មានការចូលរួមពីតំណាងក្រុមការងាររាជរដ្ឋាភិបាលនិងផ្នែកឯកជននៃវេទិកា G-PSF ទាំង ១៦ សភាពាណិជ្ជកម្មកម្ពុជា ស្ថានទូត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានា៕

 

សម្រាប់សាកសួរព័ត៌មានបន្ថែម៖  Media.Cambodia@dfat.gov.au

 

Related content

Government-Private sector forum marks 25 years of dialogue partnership and reform
1 Dec 2025

Government-Private sector forum marks 25 years of dialogue partnership and reform


Learn more
Strong dialogue between government and business is vital for growth
1 Dec 2025

Strong dialogue between government and business is vital for growth


Learn more
Australia is helping Cambodia strengthen public institutions to achieve its national economic goals
30 May 2025

Australia is helping Cambodia strengthen public institutions to achieve its national economic goals


Learn more