CAPRED ធ្វើការដើម្បីពង្រឹងវិស័យកសិកម្មដែលមាននិរន្តរភាព និងផលិតភាពកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់អំណាចដល់ផលិតករខ្នាតតូច ពង្រឹងភាពប្រកួតប្រជែងលើទីផ្សារ និង ធ្វើឱ្យជីវភាពគ្រួសារកសិករកាន់តែប្រសើរឡើង។ កិច្ចការនេះ រួមចំណែកដល់គោលដៅទូលំទូលាយរបស់អូស្ត្រាលី ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព ព្រមទាំងគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្មដែលមានតម្លៃខ្ពស់ និងសម្បូរបែបទាំងក្នុងនិងក្រៅតំបន់។
កម្មវិធីនេះ សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងវិស័យកសិ-ឧស្សាហកម្មក្នុងស្រុក ដើម្បីពន្លឿនការច្នៃប្រឌិតផលិតផលកសិកម្ម និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ យើងជួយ បច្ចេកវិទ្យាកសិកម្មឆ្លាតវៃដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យធាតុចូលកសិកម្មកាន់តែងាយស្រួលក្នុងការស្វែងរក គាំទ្រដល់ការបង្កើនតម្លៃបន្ថែមតាមរយៈការផលិត និងការកែច្នៃដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិដែលកំពុងវិវត្តទៅមុខ។
ការងាររបស់យើង ផ្អែកលើការគាំទ្រដ៏យូរអង្វែងរបស់អូស្ត្រាលីចំពោះវិស័យកសិកម្មរបស់កម្ពុជា។ ការងារនេះ បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ដោយធ្វើការជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ និងបានបន្តតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងកិច្ចសហការដើម្បីបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។
យើងផ្តោតលើខ្សែច្រវាក់តម្លៃអាទិភាពចំនួនបួ ដែលត្រូវបានជ្រើសរើសដោយផ្អែកទៅលើសក្តានុពលខ្លាំងរបស់ពួកគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។
ស្រូវជាដំណាំស្នូលរបស់កម្ពុជា និងមានទីផ្សារនាំចេញដែលកំពុងរីកចម្រើន និងផ្តល់ឱកាសខ្លាំងជាងគេក្នុងការផ្តល់លទ្ធផលជាទ្រង់ទ្រាយធំ។
ស្វាយចន្ទីផ្តល់ឱកាសជាចម្បងដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដូចជាអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងការផលិត និងគុណភាពស្វាយចន្ទី ហើយកម្ពុជាមានគោលដៅបង្កើនសមត្ថភាពកែច្នៃក្នុងស្រុកពី ៥% ទៅ ៥០% នៅត្រឹមឆ្នាំ២០៣២។
ផ្លែឈើត្រូពិចដ៏សម្បូរបែបរបស់កម្ពុជា មានសក្តានុពលខ្លាំងសម្រាប់ការបង្កើនតម្លៃបន្ថែម តាមរយៈការពង្រឹងការកែច្នៃក្នុងស្រុក និងការកែលម្អខ្សែចង្វាក់ត្រជាក់។
ខ្សែចង្វាក់តម្លៃរឹងមាំនៃ កាហ្វេ ម្រេច និងដំណាំខ្នាតតូចផ្សេងទៀត ជួយបង្កើនភាពធន់ និងបង្កើតឱកាសទីផ្សារទៅកសិករ ជាពិសេសនៅតំបន់ដាច់ស្រយាល និង ក្នុងចំណោមសហគមន៍ ងាយរងគ្រោះ។
CAPRED សាកល្បង និងពង្រីកបច្ចេកវិទ្យាឆ្លាតវៃនឹងការប្រែប្រួលអាកាសធាតុថ្មីៗ រួមមានការបូមទឹកដោយប្រើថាមពលពន្លឺព្រះអាទិត្យ ម៉ាស៊ីនចិញ្ច្រាំចំបើង និងម៉ាស៊ីនព្រួស គ្រាប់ពូជពហុមុខងារ ព្រមទាំងធាតុចូលកសិកម្មប្រកបដោយនិរន្តរភាពដូចជាជីធម្មជាតិជាដើម។
ខណៈពេលដែលបច្ចេកវិទ្យាទាំងនេះ បានជួយដល់ធុរកិច្ចកសិកម្ម និងកសិករក្នុងការបង្កើនទិន្នផល កែលម្អសុខភាពដី និងពង្រឹងភាពធន់នឹងផលប៉ះពាល់ពីខាងក្រៅ ពួកគេក៏អាចទាញយកបទពិសោធពី
ការច្នៃប្រឌិត និងជំនាញរបស់អូស្ត្រាលីផងដែរ។
យើងជួយអាជីវកម្មនានាក្នុងការពង្រីក និងកែលម្អការកែច្នៃក្នុងស្រុក
ដើម្បីផលិត ផលិតផលកសិ-ចំណីអាហារដែលមានតម្លៃខ្ពស់ ត្រៀមខ្លួនសម្រាប់ការនាំចេញ និងការកែច្នៃកាកសំណល់ធម្មជាតិឱ្យទៅជាមានតម្លៃ។ យើងក៏សាកល្បងគំរូហិរញ្ញប្បទានដែលកាត់បន្ថយហានិភ័យ និងអនុញ្ញាតឱ្យមានការវិនិយោគលើការអនុវត្ត និងឧបករណ៍ដែលល្អប្រសើរជាងមុន។
CAPRED ធ្វើការដើម្បីធានាថាស្ត្រី និងកសិករជនជាតិដើមភាគតិចត្រូវបានផ្តល់អាទិភាពក្នុងការទទួលបានការផ្សព្វផ្សាយ បំពេញចន្លោះខ្វះខាតនៃធាតុចូល និងចំណេះដឹង ព្រមទាំងគាំទ្រដល់ការដាំដុះឆ្លាតវៃទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
កម្មវិធីនេះ ធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នឧស្សាហកម្មជាតិ ដើម្បី
ជួយបំពេញតាមស្តង់ដារអនុលោមភាព នៃការនាំចេញ និងពង្រឹងជំហររបស់កម្ពុជានៅក្នុងទីផ្សារសកល។